ឯកសារប្រវត្តិសាស្រ្តបង្ហាញថា ក្រុងហាណូយទុកឲ្យខ្មែរសម្លាប់គ្នាឯងឲ្យស្បើយសិន ទើបគេហក់ចូលថាមកជួយសង្រ្គោះជីវិត

សេចក្តីរាយការណ៍ពីសារមន្ទីរឯកសារជាតិក្រុងមូស្គូ ស្រាវជ្រាវចងក្រងដោយអ្នកនិពន្ធរុស្ស៊ី Dmitry Mosyakov ថានៅឆ្នាំ១៩៧៤ សាឡុត ស ស្នើសុំជំនួយចិនដើម្បីប្រញាប់ប្រញាល់វាយលុកយកក្រុងភ្នំពេញកាន់កាប់។ ប៉ុន្តែ មេដឹកនាំក្រុងប៉េកាំងធ្វើមិនដឹងមិនឮ។ ប៉ុល ពត ងាកមករកយួនវិញ ដោយឲ្យ នួន ជា និយាយផ្ទាល់ជាមួយមេដឹកនាំក្រុងហាណូយ។ មេដឹក នាំយួនយល់ព្រមផ្តល់ជំនួយតាមសំណើ នួន ជា ព្រោះថា នួន ជា ជាមនុស្សក្រុងហាណូយទុកចិត្តជាង សាឡុត ស។ មេដឹកនាំក្រុងហាណូយ មិនបានដាក់លក្ខខណ្ឌអ្វីភ្ជាប់នឹងការប្រើប្រាស់ជំនួយរបស់គេនោះទេ។  មេដឹកនាំក្រុងហាណូយគ្រានោះ មានឱកាសល្អណាស់អាចជម្រុញឲ្យ សាឡុត ស  អស់ឥទ្ធិពល ហើយអាចដាក់អ្នកផ្សេងឲ្យដឹកនាំជំនួសវិញ។

ហេតុការណ៍នោះធ្វើឲ្យអ្នកវិភាគចោទជាសំណួរថា ហេតុអ្វីក្រុងហាណូយមិនប្រើឥទ្ធិពលរ បស់ខ្លួន រៀបយុទ្ធវិធីដូរ ដក ឬ ផ្តួលរំលំ សាឡុត ស ពេលនោះ? រឿងមួយក្រុងហាណូយមិនដឹងច្បាស់នោះ គឺ នួន ជា រិតតែជិតស្និទ្ធ ជឿ និង ដើរជាមួយ សាឡុត ស ជានិច្ចមិនបែកគ្នាទេ។ ប៉ុន្តែ អ្នកវិភាគមិនផ្តោតលើចំណុចសាមគ្គីភាព ឯកភាព ប្តេជ្ញាចិត្តស្លាប់រស់ជាមួយគ្នារវាង នួន ជា និង សាឡុត ស ទេ។

សេចក្តីរាយការណ៍មកដល់វគ្គនោះ គេវិភាគនៅលើចំណុច ចិត្តសាស្រ្ត ដែលមេដឹកនាំក្រុងហាណូយប្រើទៅវិញ ក្នុងទំនាក់ទំនងជាមួយសមមិត្តខ្មែរកុ ម្មុយនិស្ត។ មេដឹកនាំយួនលាក់គំនិត លាក់ពុត មិនឲ្យមេដឹកនាំខ្មែរក្រហមដឹងខ្លួន ហើយនៅតែរក្សាទំនាក់ទំនងល្អជានិច្ចក្នុងនាមជាយុទ្ធមិត្តប្រឆាំងនឹងសត្រូវរួម គឺរបបសាធារណរដ្ឋខ្មែរ ជាបរិវារចក្រពត្តិអាមេរិក។   

មួយវិញទៀត   គេផ្តោតការយកចិត្តទុកដាក់ពេលនោះលើបេសកកម្ម រំដោះជាតិ បង្រួបបង្រួមជាតិយួនខាងជើងនិងខាងត្បូង។ ជាពិសេសទៅទៀតនោះ មេដឹកនាំយួន គេមិនចង់ឲ្យមនុស្សម្នា ទាំងខ្មែរ ទាំងបរទេស មើលឃើញថា គេជាអ្នកបំបែកបំបាក់ ជ្រៀតជ្រែកជួរដឹកនាំចលនាតស៊ូខ្មែរ ដោយពុំមានមូលហេតុពិតប្រាកដ ដែលប៉ះពាល់ចំៗដល់ផលប្រយោជន៍ជាតិរបស់គេនោះដែរ។ មកដល់វគ្គនោះក្នុងប្រវត្តិសាស្រ្ត ខ្មែរយើងគួរទទួលស្គាល់ថា ចលនាខ្មែរក្រហមពឹងលើជំនួយយួនក្រហមស្ទើរតែទាំងស្រុងក្នុងជ័យជំនះរបស់ខ្លួនថ្ងៃ១៧ មេសា ១៩៧៥។

ទោះជាដូច្នោះក្តី សាឡុត ស និង មេៗខ្មែរក្រហមមួយចំនួនទៀត ក៏ទទួលជោគជ័យក្នុងការបំភ័ន្តភ្នែកក្រុងហាណូយមួយរយៈដែរ មុននឹងមេដឹកនាំយួនដឹងខ្លួនថា សាឡុត ស ជាមនុស្សជាតិនិយម មិនមែនអន្តរជាតិនិយមនោះ។ មេដឹកនាំយួនកុម្មុយនិស្ត ស្មានមិនដល់ថា មេដឹកនាំខ្មែរក្រហមនៅតែមានចេតនាឲ្យ កម្ពុជា ស្ថិតជាប្រទេសឯករាជ អធិបតេយ្យ មិនចង់ស្ថិតក្រោមឥទ្ធិពលយួនដូច្នោះសោះ ទោះជាយួនខាងជើង និង យៀកកុង ជួយច្បាំងដ៏ខ្លាំងក្លាយ៉ាងណាក្តី។

បន្ទាប់ពីជ័យជំនះនៅឆ្នាំ១៩៧៥ សាឡុត ស នៅតែបន្តថ្លែងអំណរគុណយួន ដោយថ្លែងថា បើពុំមានបក្ស ពលករវៀតណាម និង បងប្អូនវៀតណាមខាងជើង និង ខាងត្បូងទេនោះ យើងមិនអាចសម្រេចបានជ័យជំនះនោះឡើយ។

ប៉ុន្តែ សាឡុត ស មិនបាននិយាយទាក់ទិននឹងការបង្កើតទំនាក់ទំនងពិសេសជាមួយវៀតណាម ដូចដែលមេដឹកនាំក្រុងហាណូយរំពឹងទុកនោះទេ។ ក្នុងន័យផ្ទុយពីការរង់ចាំរបស់ក្រុងហាណូយនោះ សាឡុត ស ក្នុងទស្សនកិច្ចទៅក្រុងហា ណូយ បែរជានិយាយថា៖ “យើងបានទទួលជ័យជំនះទាំងស្រុងក្នុងដៃ យ៉ាងស្អាត ចប់ជាស្ថា ពរ ដែលមានន័យថា យើងបានតស៊ូបដិវត្តន៍ដោយខ្លួនឯង គ្មានជំនួយពីខាងក្រៅ ឈរលើគោលការណ៍ឯករាជ្យ  អធិបតេយ្យ  និង ម្ចាស់ការ  ខ្លួនទីពឹងខ្លួន។” ក្នុងទស្សនកិច្ចផ្លូវរដ្ឋនោះសាឡុត ស ស្នើឲ្យមានកិច្ចប្រជុំកំពូលនៅឆ្នាំ១៩៧៦ ដើម្បីពិភាក្សារឿងព្រំដែន។

ខែកុម្ភៈ ១៩៧៦ មុនបើកជំនួបកំពូល មេដឹកនាំជាន់ខ្ពស់បក្ស ពលករវៀតណាម ស្វ័ន ធុយ(Xuan Thuy) ប្រាប់ឯកអគ្គរដ្ឋទូតសូវៀតថា ទំនាក់ទំនងវៀតណាម និង កម្ពុជា ដូចជាមិនបានល្អប្រសើរដូចចិត្តសោះ។ មេដឹកនាំយួន នៅតែរង់ចាំស្តាប់ពាក្យពេចន៍ចេញពីមាត់ សាឡុត ស ដែលគាត់ប្រាប់អគ្គនាយកសារព័ត៌មានវៀតណាម ត្រាន់ ថាញ់ស្វ័ន (Tran Thanh Xuan) ក្នុងកិច្ចសម្ភាសន៍ឆ្នាំ១៩៧៦ តែមិនបាននិយាយនៅឆ្នាំ១៩៧៥នោះថា៖

“យើងចាត់ទុកមិត្តភាព និង សាមគ្គីភាព រវាងបដិវត្តន៍កម្ពុជា និង វៀតណាម រវាងប្រទេសកម្ពុជា និង ប្រទេសវៀតណាម ជាបញ្ហាយុទ្ធសាស្រ្តមួយ និង ជាអារម្មណ៍សក្ការៈមួយ។” នេះបញ្ជាក់ឲ្យដឹងថា មេដឹកនាំខ្មែរក្រហម “ឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក មិនបំពានគ្នា ទើបបដិវត្តន៍នៃប្រជាជាតិជាបងប្អូនទាំងពីរ រឹងមាំ ចម្រើនលូតលាស់ទៅមុខបាន” ហើយកិច្ចសម្ភាសន៍នោះចុះផ្សាយក្នុងកាសែតប្រជាជនយួន ញ៉ិនហ្សិន ឆ្នាំ១៩៧៦។

 ក្នុងខែកញ្ញា ១៩៧៦ ក្រុងហាណូយមើលច្រឡំម្តងទៀត ព្រោះឃើញការដក ប៉ុល ពត ឬ សាឡុត ស ពីតំណែង ក្រោមសម្ពាធពីមេដឹកនាំឯទៀត ដែលមិនចង់ឃើញការផ្តាច់ចំណងមិត្ត ភាពជាមួយវៀតណាម។ ដើម្បីលើក ទឹកចិត្តឲ្យក្រុងភ្នំពេញដូរចរិតរឹងរូសមិនចង់រស់ក្រោមនឹមហាណូយនោះ ឬ ដើម្បីបំបាក់កម្លាំងគាំទ្រ ប៉ុល ពត មេដឹកនាំយួនបើកផ្លូវហោះហើរទៅមកហាណូយ−វៀងចន្ទ លក់កៅស៊ូក្រែបឲ្យ សិង្ហបុរី ត្រៀមទទួលជំនួយពីអ.ស.ប និង ជំនួយពីក្រុមហ៊ុនអាមេរិកាំង។ ប៉ុល ពត ក៏នៅតែមិនរំភើបនឹងទំនាក់ទំនងខាងក្រៅបែបនោះដែរ។

មេដឹកនាំយួន ង្វៀង ឌុយទ្រិញ (Nguyen Duy Trinh) ប្រាប់ឯកអគ្គរដ្ឋទូតសូវៀត ថ្ងៃ១៥ តុលា ១៩៧៦ ថា៖ ហាណូយងាយធ្វើការជាមួយ នួន ជា  ជាងធ្វើការជាមួយ  ប៉ុល ពត  និង  អៀង សារី។  ទោះជាដូច្នេះក្តី ក្រុងហាណូយ មិនបានជួយអ្វីដល់ក្រុមជំទាស់នឹង ប៉ុល ពត នោះឡើយ។

អ្នកវិភាគបរទេសមិនយល់ថា ហេតុអ្វីហាណូយមិនជួយជ្រោមជ្រែងក្រុម នួន ជា?។ តើហាណូយមិនទុកចិត្ត  នួន ជា  ដែរឬដូចម្តេច ឬក៏ហាណូយមានផែនការយកស្រុកខ្មែរកាន់កាប់តាមរបៀបផ្សេង? ក្នុងពេលដែលហាណូយមិនព្រមជួយក្រុមមនុស្សដែលថា ជាមនុស្សរបស់ខ្លួននោះ ប៉ុល ពត បោសសម្អាតក្រុមដែលគាត់ហៅថា ក្បាលយួនខ្លួនខ្មែរ សឹងតែអស់ពីស្រុក។ ចំណុចនេះ ខ្មែរគ្រប់គ្នាបានដឹង បានឃើញថា ទាល់តែខ្មែរស្លាប់អស់រាប់លាននាក់ ទើបរដ្ឋការក្រុងហាណូយប្រើកម្លាំងទ័ពមករំលំរបប កម្ពុជាប្រជាធិបតេយ្យ ឬ ខ្មែរក្រហម ដឹកនាំដោយ ប៉ុល ពត។

 ហ្វ័ង វ៉ាន់ឡយ (Hoang Van Loi) អនុរដ្ឋមន្រ្តី ក្រសួងការបរទេស បានធ្វើទស្សនកិច្ចសម្ងាត់ទៅ ភ្នំពេញ ខែកុម្ភៈ ១៩៧៧ ក្នុងបំណងស្នើ ប៉ុល ពត ជួបចរចាថ្នាក់កំពូលរវាងមេដឹកនាំយួន និង មេខ្មែរក្រហម ប៉ុន្តែ ប៉ុល ពត បដិសេធមិនព្រមជួប។

អនុរដ្ឋមន្រ្តីការបរទេសមួយរូបទៀត ហ្វ័ង ប៊ិចសឺន ប្រាប់ឯកអគ្គរដ្ឋទូតសូវៀត ថ្ងៃ៣១ ធ្នូ ១៩៧៧ ថា ក្នុងសម័យច្បាំងជាមួយស.រ.អា នួន ជា មានលក្ខណៈរាក់ទាក់ចូលចិត្តយួនណាស់ ហើយមានសមានចិត្តផ្ទាល់ខ្លួនចំពោះហាណូយគ្រាន់បើដែរ។    រឿងនេះ  សឲ្យឃើញថា  មេដឹកនាំយួនចង់ផ្លាស់ប៉ុល ពត យក នួន ជា ជំនួសវិញតាំងពីមុនវាយលុកលុយ ឈ្លានពាន ត្រួតត្រាកម្ពុជាឆ្នាំ១៩៧៩មកម៉្លេះ។

តាមឯកសារពីក្រុងមូស្គូ មេដឹកនាំយួនចោទថា ខ្មែរក្រហមឆាឆៅ វាយឆ្មក់ចូលទឹកដីយួនតាមព្រំដែនក្នុងនិទាឃរដូវ ឆ្នាំ១៩៧៧។ ដំណាលពេលគ្នានោះ ចិនបញ្ជូនសម្ភារៈ និង បុគ្គ លិកវិស្វកម្ម ស្ថាបនាអាកាសយានដ្ឋាននៅក្នុងខេត្តកំពង់ឆ្នាំង ជាទ្រង់ទ្រាយមូលដ្ឋានយោធា ទ័ពអាកាស ដែលអាចឲ្យយន្តហោះចម្បាំងហោះដល់ក្រុងព្រៃនគរតែរយៈពេល ៣០នាទីប៉ុ ណ្ណោះ។ មេដឹកនាំក្រុងហាណូយ គិតអំពីបញ្ហាសន្តិសុខជាតិរបស់យៀកណាមជាងគិតអំពីបញ្ហាបង្កើត សហព័ន្ធឥណ្ឌូចិន នៅគ្រានោះ។

 មេដឹកនាំយួនដូរយុទ្ធសាស្រ្ត ពីការការពារទឹកដីរបស់ខ្លួន ទៅជាការប្រើកម្លាំងវាយលុកលុយចូលប្រទេសកម្ពុជា៖ ពីខែធ្នូ ១៩៧៧ ដល់ខែមករា ១៩៧៨ កម្ទេចទីតាំងខ្មែរក្រហម និង ដេញតាមទាហានខ្មែរក្រហម រហូតនៅសល់តែ៣៥គីឡូម៉ែត្រប៉ុណ្ណោះពីក្រុងភ្នំពេញ។ អ្នកកាសែតជាតិហុងគ្រី ហ្គាយតាន់យ៉េវ (I. Gaitanjiev) ជាសាក្សីនៃព្រឹត្តិការណ៍នោះ ហើយថា ទាហានយួនដកថយវិញ មិនកាន់កាប់ទឹកដីខ្មែរទេ ព្រោះគេថាយកស្រុកខ្មែរគ្រានោះ ទៅមិនរួចទេតាមផ្លូវនយោបាយ។ យួនទប់ចិត្ត ព្រោះខ្លាចប៉ះពារលើបុគ្គលិកសំណង់ជនជាតិចិន។

តាមការអះអាងពីនាយផ្នែកកុងស៊ុល នៃក្រសួងការបរទេសយៀកណាម វូ ហ្វ័ង (Vu Hoang) ដែលប្រាប់ឯកអគ្គរដ្ឋទូតសូវៀតនៅខែកុម្ភៈ ១៩៧៨ ថាមេដឹកនាំយួនមានជម្រើសដំបូងពីរ ទី១៖ ការបះបោរក្នុងជួរយោធាខ្មែរក្រហម ធ្វើរដ្ឋប្រហារទម្លាក់ ប៉ុល ពត; ទី២ ប្រមូលកម្លាំងនិយមហាណូយ ប្រឆាំង ប៉ុល ពត បង្ខំឲ្យគាត់ទទួលយកលក្ខខណ្ឌគ្រប់យ៉ាងពីហាណូយ ប៉ុន្តែ ជម្រើសទី១ បរាជ័យទាំងស្រុងនៅខែមិថុនា ១៩៧៨ បន្ទាប់ពី អង្គភាពយោធានៅតំបន់បូព៌ា ក្រោមបញ្ជា ស ភឹម ដែលរើបម្រះ ត្រូវក្រុម ប៉ុល ពត កម្ទេចចោលអស់។

មេដឹកនាំយួនអស់សង្ឃឹមថា វិធីទាំងពីរនេះ នឹងទទួលបានជោគជ័យ។ គេគិតអំពីវិធីទី៣ គឺ ប្រើកម្លាំងយោ ធាទ្រង់ទ្រាយធំ ផ្តួលរំលំរបប ប៉ុល ពត នោះតែម្តង រួចរៀបចំលើកបន្តុបរដ្ឋបាលថ្មីមួយគ្រប់គ្រងដោយក្រុងហាណូយ។ របបថ្មីឆ្នាំ១៩៧៩ ឈ្មោះ សាធារណរដ្ឋប្រជាមានិតកម្ពុជា។

ពាក់កណ្តាលខែកុម្ភៈ ១៩៧៨ មេដឹកនាំបក្ស ឡេ ហ្ស័ន និង ឡេ ឌឹកថ ជួបជាមួយក្រុមខ្មែរកុម្មុយនិស្តនិយមយួន ឬ ខ្មែរយៀកមិញសេសសល់ពីឆ្នាំ១៩៥៤ ហើយនិងក្រុមខ្មែរក្រហម រត់ចោលជួរ រត់គេចចេញពីក្រុមខ្មែរក្រហម ប៉ុល ពត ក្នុងគោលបំណងបង្កើតចលនាប្រឆាំង នឹង ប៉ុល ពត ព្រមទាំងបង្កើតរដ្ឋអំណាច  អ្នកដឹកនាំថ្មី។ ក្នុងនោះ មានអតីតវរសេនីយ៍ត្រីយោ

ធាយួន ប៉ែន សុវណ្ណ ដែលរស់នៅស្រុកយួនអស់រយៈពេល២៤ឆ្នាំ និង អតីតភូឈួយសេនាធិការយោធាតំបន់ខ្មែរក្រហម ហ៊ុន សែន កូនចៅសមមិត្ត ហេង សំរិន មេបញ្ជាការ កងពល ដែលរត់ទៅស្រុកយួននៅខែមិថុនា ១៩៧៧។ យួនបង្កើតជំរំជាច្រើនដើម្បីរើសទាហានធ្វើទ័ពព្រៃនៅភាគខាងត្បូងប្រទេសយៀកណាម ហើយជំរំទាំងនោះ មានអតីតសាលាហ្វឹកហ្វឺនរបស់អាមេរិកាំងពីសម័យសង្រ្គាមវៀតណាម ដូចជានៅ ស្វ័នឡុក (Xuan Loc)  ឡុង ចៅ (Long Chau) ជាដើម។ ក្នុងដីខ្មែរគេបង្កើតចលនាប្រឆាំងនៅស្រុកស្នួល ខេត្តក្រចេះ ហៅ រណសិរ្ស ២ធ្នូ ដែលមានរាប់បញ្ជូលប្រជាពលរដ្ឋខ្មែររៀបដាក់មុខ និង ជនជាតិយួនរៀបដាក់ខាងក្រោយដើម្បីថតរូបឲ្យឃើញថា ប្រជាជនខ្មែរបះបោរប្រឆាំង ប៉ុល ពត។ 

ខែមេសា ១៩៧៨ យួនបង្កើតដំបូងបាន កងពលតូច ប្រឆាំង ប៉ុល ពត ហើយឲ្យស្បថ សច្ចាប្រណិធាន ជាមួយមេដឹកនាំយួន។ ជាទូទៅ សម្បថទាំងនោះ គ្មានអ្វីក្រៅពីឲ្យមាន ភាពស្មោះត្រង់ មិនក្បត់នឹងផលប្រយោជន៍គេនោះឡើយ។ បន្ទាប់មក គេបង្កើតជាកងវរសេនាតូចលើទឹកដីរបស់គេ។ សេចក្តីសម្រេចដើម្បីរំលំរបប ប៉ុល ពត ជាអ្វីដែលសំខាន់បំផុតក្នុងដំណើររបស់មេបក្ស ឡេ ហ្ស័ន ទៅកាន់ក្រុងមូស្គូ អមដំណើរដោយឧត្តមសេនីយ៍ ឡេ ត្រុងតាន់ នាយរងអគ្គសេនាធិការកងទ័ព ដើម្បីសុំឲ្យជួយផ្នែកកិច្ចការទូត។ ស្ថានភាពថ្មី តម្រូវឲ្យមានវិធានការថ្មី។

សហភាពសូវៀត គាំទ្រក្រុងហាណូយ  បន្ទាប់ពីចុះកិច្ចព្រមព្រៀងមិត្តភាព  និង សហប្រតិបត្តិការជាមួយគ្នា។ រដូវទឹកឡើង ក្រុងហាណូយ បានបញ្ជូនកងកុម្ម៉ង់ដូ ហៅថា ដាក់កុង ប្រ មាណ១០០នាក់ តាមរថយន្តដឹកជញ្ជូនពាណិជ្ជកម្មឆ្លងកាត់ព្រំដែន មកលាក់ខ្លួនជាមួយនឹងពោងបណ្តែតទឹកនៅគីឡូម៉ែត្រលេខ៦ ក្រុងភ្នំពេញ ដើម្បីត្រៀមរំដោះសម្តេច នរោត្តម សី ហនុ អ្នកម្នាងព្រះជាយានិង ព្រះរាជបុត្រា នរោត្តម សីហមុនី ចេញពីព្រះបរមរាជវាំង។ ផែន ការនោះបរាជ័យទាំងស្រុង ព្រោះក្រុមយោធាខ្មែរក្រហមកម្ទេចក្រុម ដាក់កុង សឹងតែអស់។

សមមិត្ត សុខ អាន ដែលពេលនោះធ្វើការក្រោមរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វន វ៉េត ជួយលាក់យួន ដាក់កុង ពីរនាក់ក្នុងផ្ទះឲ្យរស់។ ការវាយលុកលុយយកកម្ពុជានៅរដូវប្រាំងចុងឆ្នាំ១៩៧៨ តាមផែនការទី៣ ជៀសមិនផុតឡើយ។

តាមការអះអាងពីមន្រ្តីកិច្ចការបក្ស កុម្មុយនិស្ត  នៃគណៈកម្មាធិការកណ្តាលមជ្ឈិមបក្ស ង្វៀង ង៉ុកទិញ (Nguyen Ngoc Tinh) ថ្ងៃ២០ តុលា ១៩៧៨ ចិនរកពេលបញ្ជូនជំនួយមកជួយខ្មែរក្រហមមិនទាន់ទេ។ សហភាពសូវៀត បារម្ភអំពីប្រតិកម្មក្រុងប៉េកាំង បើហាណូយវាយរំលំ ប៉ុល ពត។

មកដល់វគ្គត្រង់នេះ យើងឃើញថា មេដឹកនាំយួនដូចជាឈ្លាសវៃជាងមេដឹកនាំខ្មែរ និង មេដឹកនាំចិន។  ទោះជាយ៉ាងក្តី ក្រុងហាណូយបានសម្រេចជោគជ័យ យកស្រុកខ្មែរបានក៏ដោយសារតែអត្តហេតុ ឬ ការឃើញប្រយោជន៍ផ្ទាល់ខ្លួន ពីក្រុមខ្មែរខ្លះ ដែលសុខចិត្តធ្វើអត្តសន្និយាតន៍ ឬ ការប្រគល់ខ្លួនឲ្យនៅក្នុងអំណាចរបស់គេតែប៉ុណ្ណោះ។

 សប្តាហ៍ក្រោយសូមជូនភាគទី១៣ ជាភាគបញ្ចប់អំពី ផ្នត់គំនិតអ្នកដឹកនាំយួនចំពោះជនជាតិ និង ទឹកដីខ្មែរ។ ខ្ញុំ ហាស់ សាន The Cambodia Daily រដ្ឋធានី វ៉ាស៊ិនតុន។

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.